2019

ឆ្នាំ២០១៩ បានរំកិលកន្លងបាត់ទៅ តែបន្សល់នៅរឿងជាច្រើនសម្រាប់ ឆ្នាំបន្ទាប់!

ស្ថានភាពនយោបាយ

វានៅតែមិនល្អប្រសើរ អវត្តមានគណបក្សប្រឆាំងដ៏ធំនៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេលជាង២ ទស្សវត្ស មិនធ្លាប់មាននៅក្នុងនយោបាយសម័យទំនើបរបស់កម្ពុជា។ មេដឹកនាំគណបក្ស ប្រឆាំង មួយរូបសំងំនៅក្រៅប្រទេស ដោយមិនទាន់អាចវិលត្រលប់ចូលក្នុងប្រទេសបាន  រី៑ឯមួយរូបទៀត​កំពុងតែនៅក្នុងប្រទេសតែបាត់បង់សិទ្ធិចូលរួមសកម្មភាពនយោបាយ និងធ្វើនយោបាយ និង​ឡើង​តុលាការឆាប់ៗនេះ។

កម្ពុជាមួយដែលដើរលើ ផ្លូវ ប្រជាធិបតេយ្យ តែក៏ធ្វើខ្លួនមិនតាមអ្វីដែលខ្លួនថាប្រកាន់ខ្ជាប់។ ស្រមោល​នៃការបែកបាក់ សាមគ្គីជាតិ នៅតែបន្តអន្ទងកម្ពុជា។ បើទោះបីសមិទ្ធិផលសន្តិភាព ដែល​កំពុង​នឹងមានរាល់ថ្ងនេះ កម្ពុជាក៏មិនទាន់មានក្តីសុខលើរបបនយោបាយ និងសន្តិសុខរបស់ប្រទេស​នៅឡើយ។ កម្ពុជាមួយតែ មានចិត្តបី បួន ធ្វើអោយកម្ពុជាពិបាកដើរ។ កម្ពុជាដែលសល់នៅក្នុង​ប្រវត្តិសាស្ត្រ នូវភាពរុងរឿង និងថ្កុំថ្កើងរបស់ខ្លួន កំពុងប្រឈមរឿងមួយចំនួន នៅឆ្នាំ ២០២០ និង​ត្រូវការដំណោះស្រាយមួយដ៏ ត្រឹមត្រូវ និង ប្រកបដោយភាពឆ្លាតវ័យ។ កម្ពុជាអាច​ថានៅវ័យ​ក្មេង​គំនិត តែអ្នកនយោបាយ​ដែល​មានវ័យចាស់ទុំ ជាព្រឹទ្ធាចារ្យសម្រាប់អ្នកជំនាន់ក្រោយ គួរគិតត្រិះ​ពិចារណា អោយបានវែងឆ្ងាយ។

អំណាចពិតជាសំខាន់ តែយើងក៏ត្រូវគិតពីការរស់នៅរបស់ប្រជាជន និងភាពខ្វះខាតរបស់ពួកគាត់។ កុំចាំតែប្រជាជនជួបបញ្ហា និងខាតបង់ ទើបធ្វើជាចេញមុខដោះស្រាយ។ អតីតសមាជិកគណបក្ស ប្រឆាំង នៅតែរក្សាផ្នត់គំនិតវាយប្រហារទំាងកម្រោល ខ្វះដំណោះស្រាយ និងភាពចាស់ទុំគំនិត។ ការ ចាក់អោយខឹង អោយស្អប់ ដោយខ្វះមូលដ្ឋាន ធ្វើអោយតែមានរឿងមិនចេះចប់។

ផ្នត់គំនិតអ្នកនយោបាយវ័យក្មេង របស់គណបក្សកាន់អំណាច នៅតែទទួលយកពីឪពុកម្តាយខ្លួន ដែល​កំពុងតែកាន់អំណាច និងមានតំណែងសំខាន់នៅក្នុងគណបក្ស និងរដ្ឋាភិបាលបច្ចុប្បន្ន។ ម្យ៉ាងជីវិត របស់​ពួកគេ​​រស់បានសុខស្រួល និងសោយសុខលើទ្រព្យសម្បតិ្ត ដែលគ្រួសារពួកគេរកបានក្នុងរយៈពេល​ដែល​កំពុង​មានអំណាច បុណ្យសក្តិ។ នេះជាអ្វីដែលប្រជាជនទូទៅបានដឹង និងឃើញ។ វាមិនមែនជាការ​និយាយ​បំផ្លើស ឬជាគំនិតអគតិអ្វីនោះទេ គ្រាន់តែចង់លើកឡើង ជាអ្វីដែលយើងរាល់គ្នាមានការបារម្ម ​និង​គិត។

នយោបាយគួរតែលេងអោយប្រាកដ និងចេតនាល្អ កុំធ្វើឡើងដើម្បីចេតនាអាក្រក់ណាមួយ ដែល វាបង្ក ហានិភ័យដល់អ្នកគាំទ្រ និងប្រទេសជាតិទាំងមូល។  បើមួយៗនៅតែប្រឹងរកយុទ្ធសាស្ត្រ ដើម្បីកំទេច គ្នាទេ កម្ពុជាពិតជាមិនបានសុខទេ។

 

Leave a comment